ថ្ងៃសៅរ៏ ទី១៣ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ០៨:១៥ (13-05-2017 08:15)
លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចបានឲ្យដឹងនៅថ្ងៃទី១២ ខែឧសភា តាមប្រព័ន្ធតេឡេក្រាមថា គេនៅចងចាំមិនភ្លេចនូវព្រឹត្តិការណ៍ក្រោយបោះឆ្នោតភ្លាមនាខែកក្កដា២០១៣ ដោយដឹងថាខ្លួនចាញ់ឆ្នោត ជនផ្កាប់មុខនឹងបក្សប្រឆាំងបានធ្វើសកម្មភាពអនាធិបតេយ្យអុកឡុកចង់ឆាឆៅដល់ដំណើរការបោះឆ្នោត ដូចជាចាត់តាំងកម្លាំងយុវជនដើរទៅរារាំងប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនឲ្យបានបោះឆ្នោតដោយចោទថា ជាជនជាតិយួន ទោះបីមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់ និងត្រឹមត្រូវក៏ដោយ ។
លោកបញ្ជាក់ថា «ពួកគេដើរទៅរារាំងប្រជាពលរដ្ឋមិនឲ្យចូលការិយាល័យបោះឆ្នោត ។ ពួកគេដើរចេញ-ចូលការិយាល័យបោះឆ្នោត និងទៅឈរពីក្រោយខ្នងមន្ត្រីបោះឆ្នោត ដោយគ្មានភារកិច្ច មានអាកប្បកិរិយាច្រងេងច្រងាងក្នុងការិយាល័យបោះឆ្នោត ស្របដោយការគាំទ្រពីតំណាងអង្គការសង្គមស៊ីវិលមួយចំនួនផង»។
លោកគូសបញ្ជាក់ថា «មកដល់ការបោះឆ្នោតលើកនេះ និងលើកក្រោយៗទៀត មិនអាចឲ្យមានបទពិសោធន៍ដ៏ជូរចត់បែបនេះទៀតជាដាច់ខាត ។ អំណាចរដ្ឋដែលជាអំណាចរបស់ប្រជាជន ដាច់ខាតត្រូវតែចាត់វិធានការសមស្រប មិនអាចឲ្យមានអំពើអនាធិបតេយ្យ និងការបង្កើតរដ្ឋក្នុងរដ្ឋបានឡើយ»។






0 comments:
Post a Comment