ស្ងាត់ៗ SpaceX បាញ់បង្ហោះគ្រាប់រ៉ុក្កែត ផ្ទុកផ្កាយរណបស៊ើបការណ៍សម្ងាត់ របស់រដ្ឋាភិបាលអាមេរិក ដោយជោគជ័យ (មានវីដេអូ)

អាមេរិក៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧  ក្រុមហ៊ុន SpaceX បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលមានផ្ទុក ផ្កាយរណបសម្ងាត់មួយរបស់រដ្ឋាភិបាលអាមេរិក ដែលគេដឹងត្រឹមថា NROL-76 ហើយវាបានក្លាយជាការបាញ់បង្ហោះលើកទីមួយរបស់ក្រុមហ៊ុននេះ សម្រាប់យោធារដ្ឋាភិបាល។
ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុកក្កែត Falcon 9 កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ម៉ោងក្នុងតំបន់ គឺសម្រាប់ការិយាល័យឈ្លបយកការណ៍ជាតិ ដែលបង្កើត និងប្រតិបត្តិការផ្កាយរណបស៊ើបការណ៍សម្ងាត់ សម្រាប់រដ្ឋាភិបាលអាមេរិក។
ប្រភពព័ត៌មានបានឲ្យដឹងថា រយៈពេលប្រមាណ១០នាទី បន្ទាប់ពីការបាញ់បង្ហោះ ផ្នែកដំបូងដែលដាច់ចេញពីគ្រាប់រ៉ុក្កែតនោះ បានធ្លាក់មកផែនដីវិញ និងបានចុះចតត្រង់នៅឯ មណ្ឌលអវកាស Cape Canaveral រដ្ឋផ្លរីដា ហើយក្លាយជាការចុះចតដោយជោគជ័យលើកទី៤ សម្រាប់គ្រាប់រ៉ុក្កែតដែលប្រើរួច។

ប្រភពបានបន្តថា មិនមានព័ត៌មានលម្អិតណាមួយទាក់ទងនឹងផ្កាយរណបឈ្លបការ NROL-76 របស់រដ្ឋាភិបាលអាមេរិកនេះទេ ដោយសារតែមានការលាក់ការសម្ងាត់យ៉ាងតឹងរឹងបំផុត។ ដោយឡែកក្រុមហ៊ុន SpaceX វិញគឺបានផ្តោតសំខាន់តែលើការផ្សព្វផ្សាយអំពីការចុះចតជោគជ័យនៃរ៉ុក្កែតដំណាក់កាលដំបូងរបស់ខ្លួនប៉ុណ្ណោះ។
ខណៈអ្នកនាំពាក្យម្នាក់បាននិយាយថា “ដោយសារតែវាមានជាប់ពាក់ព័ន្ធជាមួយគោលការនយោបាយរបស់រដ្ឋាភិបាល និងត្រូវលាក់ការសម្ងាត់ផងនោះ ទើបការិយាល័យឈ្លបយកការណ៍ជាតិ មិនបង្ហាញព័ត៌មានណាមួយឲ្យបានដឹងឡើយ”។
គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិក បានចំណាយប្រាក់អស់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ទៅលើប្រតិបត្តិការ United Launch Alliance ដែលជាប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ុនអាកាសដ៏ធំ Boeing និង Lockheed Martin ដើម្បីបាញ់បង្ហោះផ្កាយរណបរបស់រដ្ឋាភិបាល។
ក្រោយមកនៅឆ្នាំ២០១៤ ក្រុមហ៊ុន SpaceX ក៏បានធ្វើការតវ៉ាទៅលើប្រតិបត្តិការរបស់កងទ័ពអាកាសអាមេរិក ដែលប្រើប្រាស់ តែប្រតិបត្តិការ United Launch Alliance ហើយនិយាយថា វាជារឿងដែលមិនយុត្តិធម៌ក្នុងការចំណាយលុយរាប់ពាន់លានដុល្លារទៅលើតែក្រុមហ៊ុនមួយ សម្រាប់ការបាញ់បង្ហោះប្រព័ន្ធសន្តិសុខជាតិ។
បន្ទាប់ពីមានការតវ៉ាបែបនេះ ទើបក្រោយមកអ្នកនាំពាក្យ ការិយាល័យឈ្លបយកការណ៍ជាតិ បានចេញមកប្រកាសថា ក្រុមហ៊ុន SpaceX ត្រូវបានជ្រើសរើស ដើម្បីបាញ់បង្ហោះ NROL-76 បន្ទាប់ពីមានការប្រកួតប្រជែង៕

0 comments:

Post a Comment